ជំងឺពពែឆ្កែ ឬ ពពែភ្នែក
« កើតពពែឆ្កែ ឬ ពពែភ្នែក »
ខែត្រជាក់ ធ្លាក់ខ្យល់ មកដល់ហើយ សូមប្រយ័ត្នចំពោះសុខភាពភ្នែកទាំងអស់គ្នា!!
ថ្ងៃនេះ មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញយើងខ្ញុំសូមបង្ហាញពីមូលហេតុក៏ដូចជាការការពារចំពោះបញ្ហាភ្នែក «កើតពពែឆ្កែ ឬ ពពែភ្នែក»
អាការៈជំងឺនេះគឺត្របកភ្នែកឡើងហើមប៉ោង ក្រហម និងឈឺទៀតផង។ ម្យ៉ាងទៀត វាមានលក្ខណៈពីរយ៉ាងគឺមានដុំពកខ្លាញ់នៅលើត្របកភ្នែក និងខ្ទុះប៉ោងលើត្របកភ្នែក។
វាកើតឡើងដោយសារតែ កង្វះអនាម័យភ្នែក និងកង្វក់បរិយាកាសបង្កជាមេរោគដល់ភ្នែក។
កត្តាពីរធំៗនេះ បង្កទៅជាមេរោគបណ្ដាលឲ្យកកកើតជាខ្ទុះក្នុងត្របកភ្នែក និងកើតជាដុំពកខ្លាញ់ព្រោះមេរោគធ្វើឲ្យស្ទះរន្ធក្រពេញខ្លាញ់នៅតាមគែមត្របកភ្នែក។
វាមិនប៉ះពាល់អ្វីធ្ងន់ធ្ងរ ឬធ្វើឲ្យភ្នែកខ្វាក់នោះទេ។ ក៏ប៉ុន្តែវាអាចនឹងក្លាយទៅជាដុំគីស ក្នុងករណីដែលយើងមិនយកចិត្តទុកដាក់ព្យាបាល ឬបណ្ដែតបណ្ដោយទុកឲ្យកើតវាយូរពេក។
ជំងឺនេះនឹងបាត់ទៅដោយឯកឯងអំឡុងពេល១សប្ដាហ៍ ប្រសិនបើអ្នកយកចិត្តទុកដាក់សម្អាតភ្នែករបស់អ្នក។
វិធីសម្អាតនោះមានដូចជា ឧស្សាហ៍លុបលាងមុខ និងយកសំឡីជ្រលក់ទឹកស្អាតជូតសម្អាតគល់រោមភ្នែក។
ក្រៅពីនេះ ដំណោះស្រាយល្អបំផុតគឺទៅជួបពិគ្រោះជាមួយអ្នកជំនាញជំងឺភ្នែក មុននឹងសម្រេចប្រើថ្នាំព្យាបាលផ្សេងៗ៕
កែសំរួលដោយ៖ គង់ សូម៉ាលី