កម្មវិធីថែទាំសុខភាពភ្នែក ជូនដល់ ប្រជាជននៅខណ្ឌទួលគោក


កម្មវិធីថែទាំសុខភាពភ្នែក ជូនដល់ ប្រជាជននៅខណ្ឌទួលគោក

នៅថ្ងៃទី​២៣​ ​ខែមករា យើងបានរៀបចំកម្មវិធីថែទាំសុខភាពភ្នែក ជូនដល់ប្រជាជននៅខណ្ឌទួលគោក រាជធានីភ្នំពេញនៅមណ្ឌលសុខភាពខណ្ឌទួលគោក។ កម្មវិធី​ផ្សព្វផ្សាយ អប់រំ អំពី​របៀប ​ថែទាំ សុខភាព​ភ្នែក ​និង​ការពិនិត្យ​ព្យាបាល​ភ្នែក​ជូន​ដល់​ប្រជា​ជននេះរៀបចំឡើង​ដើម្បី​ជាការ​ចូលរួមចំណែក ​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុងការ​លើកស្ទួយ​វិស័យ​សុខាភិបាល​ជាពិសេស​ផ្នែក​ចក្ខុ​និង​ចង់ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សុខភាព​ភ្នែក​ល្អ​។​

ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​ភ្នែក​រស់នៅក្នុង​ខណ្ឌ ទួលគោក​រាជធានី​ភ្នំពេញ​ បាន ទទួល​ការពិនិត្យ​ភ្នែក​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​ព្យាបាល​ភ្នែក​ហូ​សេង​ភ្នំពេញ​។​ ការពិនិត្យ​ព្យាបាល​នេះ​មាន​រយៈពេល​មួយថ្ងៃ​គឺ​ថ្ងៃទី​២៣​ខែ មករា​នេះ នៅ​មណ្ឌល​សុខភាព​ខណ្ឌទួលគោក​។​ការពិនិត្យ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​។​

​លោក​វេជ្ជបណ្ឌិត ញ៉ិល វុ​ធ អនុប្រធាន​មន្ទីរ​ព្យាបាល​ភ្នែក ហូ​សេង​ភ្នំពេញ​បានឱ្យដឹងថា​៖​កម្មវិធី​ផ្សព្វផ្សាយ អប់រំ អំពី​របៀប​ថែទាំ សុខភាព​ភ្នែក​និង​ការពិនិត្យ​ព្យាបាល​ភ្នែក​ជូន​ដល់​ប្រជា​ជននេះ​គឺ​ដើម្បី​ជាការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​វិស័យ​សុខាភិបាល​ជាពិសេស​ផ្នែក​ចក្ខុ​និង​ចង់ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សុខភាព​ភ្នែក​ល្អ​។​ ​លោក​បាន​បន្ថែមថា​៖​នេះ​ជា​លើក​ទី​១ ដែល​មន្ទីរ​ព្យាបាល​ភ្នែក ហូ​សេង​ភ្នំពេញ​បាន​ពិនិត្យ​ភ្នែក ព្យាបាល​ភ្នែក​និង ចែក​វ៉ែនតា ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​ដូចជា​ការថត​បាត​ភ្នែក ​ថត​សរសៃ​ភ្នែក​ តាមរយៈ​ម៉ាស៊ីន​ទំនើបៗ​និង​ការផ្តល់​ប្រឹក្សា​ពី​ការថែរក្សា​ភ្នែក​។​ ​លោក​បាន​បញ្ជាក់ថា​៖​សកម្មភាព​មនុស្សធម៌​នេះ នឹង​បន្តធ្វើ​ដូច្នេះ​ទៅដល់​គ្រប់​ខណ្ឌ​ផ្សេង ៗ​ទៀត​នៅ​រាជធានី​ភ្នំពេញ ។

​លោក ​យឹម​ ដេ​ត​ ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចតុមុខ​និង​តំណាងឱ្យ​មណ្ឌល​សុខភាព​ខណ្ឌទួលគោក ​បាន​មានប្រសាសន៍ថា​៖​សកម្មភាព​ពិនិត្យ​ព្យាបាល​ភ្នែក​ដោយ​ឥតគិតថ្លៃ​នេះ​ជា​សកម្មភាព​សប្បុរសធម៌​មួយ​ដែល​អាចជួយ​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ដែលមាន​បញ្ហា​ភ្នែក​។​ក្រៅពី​ពិនិត្យ​ព្យាបាល​ភ្នែក​ក៏មាន​ការអប់រំ​អំពី​ការថែរក្សា​សុខ​ភាព​ភ្នែក​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុ​រស​របស់​ក្រុមគ្រូពេទ្យ​មន្ទីរ​ព្យាបាល​ភ្នែក​ហូ​សេង​ភ្នំពេញ​ដែល​បាន​មកជួយ​ប្រជាជន​។​

លោក ហួត រ័ត្ន អាយុ ៥២ឆ្នាំ ជាពលរដ្ឋនៅក្នុងខណ្ឌទួលគោក បានសម្តែងការរីករាយចំពោះការចុះពិនិត្យដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យ ដោយភ្នែករបស់លោកធ្លាប់មានបញ្ហាពីមុនផង។ លោកថា៖« ភ្នែករបស់ខ្ញុំត្រូវថ្នាំផង និងព្រៀលមើលមិនច្បាស់មួយចំហៀង ហើយពេទ្យបានធ្វើការពិនិត្យជូន និងកំពុងរងចាំពិនិត្យបន្តទៀត ដើម្បីដឹងលទ្ធផល»។

លោកស្រី លឹម ទាង មកពីសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានមកទទួលយកសេវាពិនិត្យភ្នែកនេះដោយឥតគិតថ្លៃ ដោយទទួលបានដំណឹងនេះពីប្រធានភូមិរបស់លោកស្រីផ្ទាល់។ លោកស្រីបន្តថា៖« ខ្ញុំមកនេះគឺបំណងមើលភ្នែកនេះហើយ ព្រោះភ្នែករបស់ខ្ញុំឡើយបាយរយៈពេលប្រហែល ២ឆ្នាំមកនេះ ហើយមានអារម្មណ៍សប្បាយចិត្តដែលមានគេចុះមកពិនិត្យភ្នែកដោយមិនគិតថ្លៃបែបនេះ»។

កម្មវិធីថែទាំសុខភាពភ្នែក ដែលធ្វើឡើងដោយមន្ទីរព្យាបាលភ្នែក ហូសេង ភ្នំពេញនេះ ធ្វើឡើងនៅក្នុងមណ្ឌលសុខភាព ទួលគោកផ្ទាល់ ពិនិត្យដោយឧបករណ៍ពិនិត្យទំនើបៗ និងមិនគិតថ្លៃរយៈពេលមួយថ្ងៃពេញ ថែមទាំងមានផ្តល់ជាថ្នាំ និងវ៉ែនតាសម្រាប់អ្នកទៅពិនិត្យផងដែរ៕